នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ មុនកិច្ចប្រជុំកសិកម្ម និងព្រៃឈើអាស៊ាន-ជប៉ុនលើកទី២ (2nd AJMAF) ចាប់ផ្តើម ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសម្តែងការគួរសម និងប្រជុំទ្វេភាគីជាមួយឯកឧត្តម Zaqy Mohamad- សាគី មហាមាត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនិរន្តរភាពសិង្ហបុរី នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាការជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងលទ្ធភាពបើកទីផ្សារសិង្ហបុរីបន្ថែមទៀតដើម្បីនាំចូលកសិផលពីកម្ពុជា។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិនិត្យឱកាសពង្រីកនិងពង្រឹងការកៀរគរវិនិយោគិនសិង្ហបុរីបន្ថែម ដើម្បីធ្វើការវិនិយោគលើកសិ-ឧស្សាហកម្មនៅកម្ពុជា សំដៅជំរុញសិង្ហបុរីឱ្យក្លាយជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការរួមគ្នាធានាសន្តិសុខស្បៀង និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕

















