កំពង់ស្ពឺ ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការណែនាំពីលោកឧត្ដមសេនីយ៍ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កំលាំងអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានសហការស្រាវជ្រាវរហូតឃាត់បានមុខសញ្ញាលួចម៉ូតូពីស្រុកពញាឮ ខេត្ដកណ្ដាល ។
តាមលោកវរសេនីយ៍ទោ ជុន សូឃូន អធិការនគរបាលក្រុងឧដុង្គម៉ែជ័យ បានអោយដឹងថា ករណីចោរលួចម៉ូតូជនរងគ្រោះឈ្មោះ ដុំ វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ។
ជនសង្ស័យឈ្មោះ សៀន កុសល ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ (ឡើងស៊េរីឆ្នាំ២០២២) ពាក់ផ្លាកលេង កំពង់ឆ្នាំង 1I-8122។ ដោយបន្សល់ម៉ូតូ ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ គ្មានផ្លាកលេខ ជាម៉ូតូដែលជនសង្ស័យប្រាប់ថាបានលួចមកពីខេត្ដកណ្ដាល និងបានជិះមកដល់ទឹកដីក្រុងឧដុង្គម៉ែជ័យប្រទះឃេីញម៉ូតូ ថ្មីជាងក៏ចុះទៅធ្វេីសកម្មភាពលួចយកតែម្ដង។
ដោយបានអនុញ្ញាតសមត្ថកិច្ចនគរបាលក្រុងឧដុង្គម៉ែជ័យបានធ្វេីការប្រគល់ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅឆ្នាំ២០១៩ (ឡើងឆ្នាំ២០២២) និងម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ឆ្នាំ២០១២ គ្មានផ្លាកលេខ ជូនម្ចាស់ប្រេីប្រាស់វិញ រីឯជនសង្ស័យបានកសាងសំណុំរឿង តាមនីតិវិធី៕















