ខេត្តសៀមរាប៖
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១:៤៨នាទីរសៀល កម្លាំងជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដោយមានការសម្របសម្រួលដោយលោក សំម រិទ្ធីវាសនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាប សហការជាមួយស្នងការនគរបាលខេត្ត ចុះឃាត់ និងដកហូត រថយន្តមួយគ្រឿងម៉ាកមីស៊ុយបីសុី ពាក់ស្លាលេខ ភព២អា ២០៥២ ដឹកគ្រឿងក្នុងជ្រូកចម្រុះ (ពោះវៀន បេះដូង ខួរ ក្រពះ…) ចំនួន ៤៨កេស ស្មើនឹង ១៩២០គីឡូក្រ នៅចំណុច នៅផ្លូវជាតិលេខ៦អា ស្ថិតនៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមការសាកសួរ អ្នកបើកបរ ឆ្លើយថា នាំមកពីខេត្តព្រះវិហារ។ ដោយមានការចង្អុលបង្ហាញពីលោកព្រះរាជអាជ្ញាររង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្រោយពីពិនិត្យឃើញថាខូចគុណភាព គ្រឿងក្នុងទាំងនេះ បានយកទៅដុតកំទេច និងកប់ចោល ដោយមានការចូលរួមសមត្ថកិច្ចពាក់ព័ន្ធនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១១:៣០នាទី។



















