ពិធីបើកយុទ្ធនាការនាឱកាសនេះ ប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង ពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងជំរុញវិធានការ ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ដោយរំលេចនូវការប្ដេជ្ញាចិត្តរបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការបង្កើតវប្បធម៌សុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងការគោរពគ្នា ក្នុងវិស័យការងារនៅកម្ពុជា ជាពិសេសគឺវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងឆ្នាំនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជ្រើសរើសយកប្រធានបទនេះពិតជាបានគ្របដណ្តប់លើការការពារសុវត្ថិភាពរបស់កម្មករនិយោជិត ជាពិសេសការការពារសិទ្ធិស្រ្តី ដែលងាយរងនូវអំពើហិង្សា និងការបៀតបៀនគ្រប់រូបភាពនៅកន្លែងធ្វើការ ហើយការរៀបចំយុទ្ធនាការនេះ ជាការចូលរួមដ៏សំខាន់របស់កម្ពុជា ជាមួយនឹងពិភពលោកក្នុងការប្រារព្ធទិវា ១៦ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ របស់អង្គការសហប្រជាជាតិ ក្រោមប្រធានបទ៖ «UNITE ដើម្បីបញ្ចប់អំពើហិង្សាឌីជីថលប្រឆាំងនឹងស្រ្តី និងក្មេងស្រីទាំងអស់» ដើម្បីបង្កើនការផ្សព្វផ្សាយ សំដៅបញ្ចប់អំពើហិង្សានៅកន្លែងធ្វើការ ព្រមទាំងជំរុញដល់ការគិតគូរ និងការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការដាក់ចេញនូវយន្តការបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព សមភាព និងសមធម៌ និងការពង្រឹងការប្តេជ្ញាចិត្តក្នុងការបង្កើតកន្លែងធ្វើការឱ្យមានសុវត្ថិភាព និងគោរពគ្នាទៅវិញទៅមក។




















