ភ្នំពេញ ៖ មន្រ្តីនាយកដ្ឋានកម្មសិទ្ធបញ្ញានៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២៥ មានផលិតផលចំនួន ២០ ត្រូវបានចុះបញ្ជីជាផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះមានផលិតផលសមូហភាពចំនួន ១១ ផលិតផលសម្គាល់ភូមិសាស្រ្តចំនួន ៨ និងម៉ាកវិញ្ញាតិកម្មចំនួន ១។
ផលិតផលម៉ាកសមូហភាពដែលត្រូវបានចុះបញ្ជីរួមមាន៖ ១.ដូងខ្ទិះបាត់ដំបង ២. នំបញ្ចុកសៀមរាប ៣. ក្រូចថ្លុងកោះពីរ ៤. គុយទាវភ្នំពេញ ៥. អំបុកកំពង់ធំ ៦. អង្ករដំណើប DSMK ៧). អង្ករសែនក្រអូប SKO ៨. អង្ករព្រះវិហារ ៩. ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ១០. ថ្នាំជក់កម្ពុជា និង១១. សំបុកត្រចៀកកាំ។
ចំណែកផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តមាន៖ ១. ម្រេចកំពត ២. ស្ករត្នោតកំពង់ស្ពឺ ៣. ក្រូចថ្លុងកោះទ្រង់ ៤. ទឹកឃ្មុំព្រៃមណ្ឌលគិរី ៥. ទឹកត្រីកំពតកែប ៦. អំបិលកំពតកែប ៧. បង្កងតាកែវ និង ៨. ប្រហុកសៀមរាប និង ផលិតផលម៉ាកវិញ្ញាតកម្មចំនួន ០១ គឺ MALYS ANGKOR។
ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសចូលរួមវេទិកានិងពិព័រណ៍កសិកម្មឆ្នាំ ២០២៥ បានលើកឡើងពីការធ្វើពិពិធកម្មមុខទំនិញយុទ្ធសាស្រ្តរបស់កម្ពុជា រួមទាំងដំណាំកសិកម្មមានសក្ដានុពលដូចជា ស្រូវ អង្ករ ស្វាយចន្ទី ដំឡូងមី ស្វាយ ម្រេច និងមៀនប៉ៃលិនជាដើម ដើម្បីពង្រីកទីផ្សារនាំចេញ៕





















