ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងម្នាក់ៗបានប្រើប្រាស់ផលិតផលប្លាស្ទិកជាច្រើនប្រភេទ ប៉ុន្តែប្រហែលជាមានបងប្អូនតិចតួចណាស់ដែលបានដឹងថា សំណល់ទាំងនោះត្រូវប្រើប្រាស់ពេលវេលាយ៉ាងយូរបំផុតដើម្បីរលាយបាត់រូបរាង។ ជាការពិតណាស់ សំណល់តូចៗដូចជាកន្ទុយបារីត្រូវការពេលពី ១០ ទៅ ១២ ឆ្នាំ ចំណែកឯថង់ប្លាស្ទិកដែលយើងប្រើប្រាស់ត្រឹមតែរយៈពេលខ្លីត្រូវប្រើពេលពី ១០ ទៅ ២០ ឆ្នាំទើបអាចរលាយអស់។ ចំពោះសម្ភារដែលបងប្អូនប្រើប្រាស់ជាប្រចាំដូចជា កែវកាហ្វេខ្ចប់យកតាមខ្លួនត្រូវការពេល ៣០ ឆ្នាំ កែវស្នោត្រូវការពេល ៥០ ឆ្នាំ និងបំពង់បឺតប្លាស្ទិកដែលយើងប្រើប្រាស់ជារៀងរាល់ថ្ងៃត្រូវប្រើពេលរហូតដល់ ២០០ ឆ្នាំឯណោះ។
កាន់តែគួរឱ្យបារម្ភជាងនេះទៅទៀត ផលិតផលប្លាស្ទិកមួយចំនួនទៀតត្រូវការពេលរាប់រយឆ្នាំ ដែលក្នុងនោះមានដូចជា ប្រដាប់ដាក់ភេសជ្ជៈត្រូវការពេល ៤០០ ឆ្នាំ ខណៈដែលដបប្លាស្ទិក និងកែវប្លាស្ទិកត្រូវការពេលរហូតដល់ ៤៥០ ឆ្នាំ។ ចំណែកឯកន្ទបកូនក្មែង ច្រាសដុសធ្មេញជ័រប្លាស្ទិក និងសំឡីអនាម័យ គឺត្រូវប្រើពេលវេលាយ៉ាងយូរចន្លោះពី ៥០០ ទៅ ៨០០ ឆ្នាំ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺខ្សែសន្ទូចជ័រប្លាស្ទិកដែលត្រូវប្រើពេលរហូតដល់ ៦០០ ឆ្នាំទើបអាចរលាយបាត់រូបរាង។ ទិន្នន័យទាំងនេះបង្ហាញយ៉ាងច្បាស់ថា សំណល់ដែលយើងបោះចោលត្រឹមតែមួយវិនាទី នឹងបន្តបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខុមាលភាពភពផែនដីរហូតដល់រាប់ជំនាន់មនុស្សឯណោះ។ ក្នុងនាមជាពលរដ្ឋស្អាត សូមយើងរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងងាកមកប្រើប្រាស់សម្ភារដែលអាចប្រើឡើងវិញបាន ដើម្បីសម្រេចឱ្យបាននូវភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។














