ខេត្តបាត់ដំបង ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១១:១០នាទី នៅចំណុចក្រុម០១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យ មួយកើតឡើង បណ្តាលឲ្យស្លាប់មនុស្ស០២នាក់ និងតូបលក់ចាប់ហួយប្រជាពលរដ្ឋចំនួន ០១ខ្នង (ខូចខាតទាំងស្រុង) ទំហំ ០៥ម៉ែត្រ x ១២ម៉ែត្រ សង់អំពីឈេី ប្រក់សង្ក័សី ជញ្ជាំងស័ង្កសី របស់ម្ចាស់ផ្ទះឈ្មោះ ហ៊ុន សុគន្ធី ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ ក្នុងករណីអគ្គិភ័យនេះ បណ្តាលអោយស្លាប់កូនបង្កើតរបស់ម្ចាស់ផ្ទះឈ្មោះ ហ៊ុន សុគន្ធី ភេទស្រី ចំនួន ០២នាក់ ១-ឈ្មោះ សុីថា សាវឌី ភេទប្រុស អាយុ១២ឆ្នាំ និង២-ឈ្មោះ សុីថា សុវណ្ណដា ភេទប្រុស អាយុ០៥ឆ្នាំ ជនរងគ្រោះទាំងពីរនាក់រស់នៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ តាមការបំភ្លឺរបស់ម្ចាស់ផ្ទះជាម្តាយជនរងគ្រោះ បានអោយដឹងថានៅម៉ោង២០:៣០នាទី គាត់បានចាក់សោរខាងក្រៅហើយគាត់ចេញទៅដកស្មៅបន្លែ នៅខាងក្រោយផ្ទះចំងាយប្រហែល ១៦០ម៉ែត្រ នៅម៉ោង ប្រហែល ២៣ជាងស្រាប់តែឮសូរផ្ទុះបឹងងាកមកផ្ទះឃើញភ្លើងឆេះអស់បាត់ទៅហើយ ។ នៅក្នុងផ្ទះមានសាំង០២ពីដុង, ម៉ូតូ០២គ្រឿងសាំងពេញ និងដបហ្គាសជាច្រើនដបទៀត ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវមូលហេតុ ដែលបណ្តាលអោយមានអគ្គិភ័យនេះ ។ ករណីនេះដែរកម្លាំងនគរបាលស្រុកថ្មគោល មិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលព័ត៌មានឆេះអស់ហើយ៕



