សូមអានខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោហ៊ុនសែន៖
ម៉ោង២ទៀបភ្លឺថ្ងៃ២៤កុម្ភៈ២០២៦នេះ
នៅពេលខ្ញុំបន្តចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរខ្ញុំបានឃើញការ បំភ្លឺរបស់អ្នកនាងខាត់ សុឃីមនិងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៍វិចិត្រសិល្បៈទាក់ទងដល់វិធីបុកល័ក្ដក្នុង ពិធីអាពាហ៍ពិពាហ៍ខ្មែរដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម។
ខ្ញុំសូមបងប្អូនខ្មែរឥស្លាមស្វែងយល់ឱ្យ បានច្បាស់នូវចំណុចនេះព្រោះជាបញ្ហា ប្រពៃណីទំនៀមទម្លាប់យូរលង់មក ហើយ។
ក្នុងឈុតឆាកទៀតសោតពុំមានចំណុច ណាជាការប្រមាថឬមើលងាយមើល ថោកនោះទេតែផ្ទុយទៅវិញមានខ្លឹមសារសុីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។
បងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរ ដែលទៅរកល័ក្ដនៅពេលឆ្លងទឹក។
សម្រាប់ខ្ញុំតាំងពីធំដឹងក្តីមកខ្ញុំតែងទៅ ចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នានិងបន្តមកទៀតខ្ញុំរៀបការកូន៥នាក់ ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៩។
កូនទាំង៥របស់ខ្ញុំសុទ្ធតែធ្វើពិធីបុកល័ក្ដ ដែលមានអ្នកដើរតួជាជនជាតិឥស្លាម ចូលរួមដូចសម័យមុនដែរ។
ខ្ញុំមានវីដេអូសម្រាប់បងប្អូនស្វែងយល់ និងអ្វីដែលខ្ញុំឲ្យតម្លៃខ្ពស់គឺសាមគ្គីភាព ជាតិសាសន៍និងសាសនាដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍ និងសាសនានោះទេ។
ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះ ចេញផុតពីក្រោល៕


















