នៅថ្ងៃទី២០ ខែវិច្ឆិកា ២០២៥ ឯកឧត្តមបណ្ឌិតយ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំជាមួយមន្ត្រីកសិកម្មឃុំទូទាំងខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារផងដែរ។
កិច្ចប្រជុំពិភាក្សាបានផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ ការសម្របសម្រួល ទីផ្សារស្រូវ ដើម្បីជួយកសិករទទួលបានតម្លៃសមរម្យ ការយកចិត្តទុកដាក់លើ ការគ្រប់គ្រងស្ថិតិផលិតកម្ម ស្រូវ ដំឡូង និងស្វាយចន្ទី ដែលជាកសិផលសំខាន់បំផុតរបស់ខេត្ត ការជំរុញការអនុវត្ត ការភ្ជូរលុបជញ្រ្ជំង ដើម្បីកាត់បន្ថយការឆេះ សុវត្ថិភាពបរិស្ថាន បង្កើនជីជាតិដី កាត់បន្ថយចំណាយលើជី បង្កើនសំណើមក្នុងដី និង កាត់បន្ថយបញ្ហាស្មៅ។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បណ្ឌិតយ៉ង សាំង កុមារ ក៏បានការលើកឡើង ទាក់ទងការផលិត និងការប្រើប្រាស់ជីកំប៉ុស្ត(Compost)ជីធ្យូងជីវ (Biochar Fertilizer) ការប្រើពូជសុទ្ធតាមគោលការណ៍ស្រែល្អ ដើម្បីបង្កើនទិន្នផល គុណភាពស្រូវ និងកាត់បន្ថយចំណាយជីគីមី និង ថ្នាំកសិកម្ម ដែលចូលរួមចំណែកពង្រឹង និងពង្រីកកសិកម្មសរីរាង្គនៅទូទាំងខេត្តផងដែរ៕

















