នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ លោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងសហការី ព្រមទាំងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងមន្ត្រីកសិកម្មឃុំ ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មមៀនរតនមណ្ឌល និងការកែច្នៃមៀនប៉ៃលិន នៅឃុំត្រែង និងចុះជួបម្ចាស់ចំការស្វាយចន្ទី នៅឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
នាឱកាសសំណេះសំណាល ឯកឧត្តម តូច ប៊ុនហួរ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការដឹកនាំសហគមន៍ដែលមានវឌ្ឍនភាពល្អប្រសើរ ជាពិសេសការកែច្នៃជាមៀនក្រៀមប៉ៃលិន សម្រាប់នាំចេញទៅទីផ្សារចិន។
ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបន្តដំណើរជួបម្ចាស់ចំការស្វាយចន្ទី នៅឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ក្រោយពីការពិនិត្យឃើញថា ស្វាយចន្ទីនៅទីនេះ មានការលូតលាស់ផ្កា និងខ្តឹបច្រើនជាងឆ្នាំមុន។ ជាចុងបញ្ចប់ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ ដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវមានកាតព្វកិច្ចដោះបញ្ហាប្រឈមរបស់កសិករ ឱ្យទៅជាលទ្ធផលសេដ្ឋកិច្ចជាក់ស្តែង និងត្រូវជំរុញការផ្លាស់ប្តូរពីការធ្វើកសិកម្មតាមបែបធម្មតា មកជាកសិកម្មពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដោយយកមន្ត្រីមូលដ្ឋានជាកម្លាំងរុញច្រាន ដើម្បីធានាថា កសិករខេត្តបាត់ដំបង មានជីវភាពធូរធារ៕



























