(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើការដោះស្រាយការកកស្ទះចរាចរ ពិសេសការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ការរំលោភទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ពីសំណាក់អាជីវករមួយចំនួន ខណៈកំណាត់ផ្លូវតូច ធំ ចំនួន ១០៨ខ្សែ ត្រូវបានគេរំលោភធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍។
ឯកឧត្តម ឃួង ស្រេង អភិបាល បានណែនាំបែបនេះនារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាមួយកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំការប្រជុំ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា តាមការសង្កេតជាក់ស្តែង ក្នុង ១សប្តាហ៍កន្លងមកនេះ នៅរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ពិសេសនៅលើបណ្តោយផ្លូវធំៗ និងផ្លូវចេញចូលរាជធានីភ្នំពេញ។ តាមការសិក្សាការកកស្ទះចរាចរណ៍នេះ គឺបណ្តាលមកពីការចតយានយន្តមិនមានសណ្តាប់ធ្នាប់ និងមួយចំនួនទៀត បណ្តាលមកពីប្រជាពលរដ្ឋមកពីប្រទេសថៃ និងមកពីបណ្តាខេត្តផ្សេងៗទៀត សម្រុកមកភ្នំពេញដើម្បីរកការងារធ្វើ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា ចំពោះការកកស្ទះចរាចរណ៍នេះ អភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការស្រាយឱ្យប្រសើរឡើង ជៀសវាងឱ្យបាននូវការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ពិសេសមើលនៅតាមសាលារៀនឯកជនមួយចំនួន ដោយសាលាទាំងនេះក្នុង ១ថ្ងៃបានស្ទះចរាចរណ៍រហូត ៤ដង។ បន្ថែមពីនេះត្រូវត្រួតពិនិត្យ និងចាត់វិធានការ ចំពោះការចតយានយន្ត មិនមានសណ្តាប់ធ្នាប់ និងការយកទ្រូងផ្លូវពីសំណាក់អាជីវករលក់ដូរអនាធិបតេយ្យ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ណែនាំទៀតថា ការចតយានយន្តមិនមានសណ្តាប់ធ្នាប់ និងការលក់ដូររំលោភលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ វាជារឿងដដែលៗ ដូច្នេះអាជ្ញាធរខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការចាត់វិធានការ ដើម្បីរំដោះកំណាត់ផ្លូវទាំងនោះ ឱ្យមានសណ្តាប់ធ្នាប់ និងកាត់បន្ថយបាននូវការកកស្ទះចរាចរ យើងមិនអាចទុកឱ្យអាជីវករប៉ុន្មាននាក់ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់លាននាក់នោះទេ។
ឯកឧត្តម ឃួង ស្រេង បានរំលឹកថា មុននៃការអនុវត្តវិធានការរំដោះផ្លូវឱ្យបានសណ្តាប់ធ្នាប់ពីសំណាក់អ្នករំលោភនេះ ដាច់ខាតត្រូវតែមានការផ្សព្វផ្សាយនិងណែនាំពួកគាត់ជាមុន ដើម្បីឱ្យពួកគាត់ទទួលយកនិងចូលរួម ហើយនៅពេលអនុវត្តការងារនេះ គឺទទួលយកបានទាំងអស់គ្នា។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានកំណាត់ផ្លូវតូចធំ ចំនួន ១០៨ផ្លូវ ត្រូវបានគេរំលោភធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ បានណែនាំ និងអនុវត្តលើការងារនេះបានល្អប្រសើរបានមួយកម្រិតហើយ។ ជាមួយគ្នានេះលោកអភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌ បន្តអនុវត្តការងារនេះ ឱ្យកាន់តែល្អប្រើសើរថែមទៀត។
ក្រៅពីកិច្ចការងារលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យពិនិត្យឡើងវិញ លើកការយកភាស៊ីនៅតាមផ្សារ និងការតាមដានត្រួតពិនិត្យ ជនអនាថា គឺមិនអាចឱ្យពួកគេធ្វើសកម្មភាព នាំឱ្យបាត់បង់សោភណ្ឌភាពនិងរបៀបរៀបរយសាធារណៈឡើយ៕




















