នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានអញ្ជើញដឹកនាំក្រុមការងារអនុវត្ដគម្រោង LASED III នៃក្រសួងកសិកម្ម អមដោយថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដរតនគិរី ចូលរួមពិធីចែកធាតុចូលកសិកម្មដល់ពលរដ្ឋដែលទទួលផលគម្រោង LASED III នៅភូមិកាលង ឃុំល្បាំង១ ស្រុកលំផាត់ នៅខេត្ដរតនគិរី។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម នាង សំអាត អភិបាលរងខេត្ដរតនគិរី លោកអភិបាលស្រុកលំផាត់ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដោយបានចែកជូនធាតុចូលកសិកម្មដល់ពលរដ្ឋទទួលផលគម្រោង LASED III នៅក្នុងឃុំល្បាំង១ ស្រុកលំផាត់ ចំនួន ៩៥គ្រួសារ។ ធាតុចូលកសិកម្មដែលបានចែកជូនពលរដ្ឋទទួលផលគម្រោងក្នុង១គ្រួសារ រួមមាន៖ ១. សម្ភារៈកសិកម្មៈ ទុយោជ័រ៣០ម៉ែត្រ និងប៉ោតស្រោចផ្កាឈូកចំនួន២ ចំណុះ ១០លីត្រ/ធុង ២. គ្រាប់ពូជបន្លែៈ សណ្តែកគួរ ៥០០ក្រាម, ត្រប់ស្រួយ ៥០ក្រាម, តាសក់ទ្រើង ១០០ក្រាម, ម្រៈ ២៥០ក្រាម, ត្រកួន ៥គីឡូក្រាម, ស្ពៃក្រញ៉ាញ់ ៥០០ក្រាម, និងននោង ១០០ក្រាម និង៣. កូនឈើហូបផ្លែៈ ត្របែក ៥ដើម, ស្វាយ ៥ដើម, មៀន ៥ដើម, ខ្នុរ ៥ដើម, និងទៀបស្វិត ៥ដើម។
ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការផ្ដល់ធាតុចូលទាំងនេះ គឺជាការរួមចំណែកគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិច ដែលមានស្រាប់ និងបានទទួលស្គាល់ពីមុនដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តាំងពីគម្រោង LASED I និង LASED II មកម្លេះ ដើម្បីការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចជនបទ ស្របតាមគោលដៅគម្រោង។ ឯកឧត្ដមបានបន្ថែមថា ខេត្ដរតនគិរី ជាខេត្ដគោលដៅមួយរបស់គម្រោង LASED III ដែលមានពលរដ្ឋទទួលផលសរុបចំនួន ៣ ១៧៨ គ្រួសារ ក្នុងនោះអ្នកទទួលផលនៅស្រុកអូរជុំ មានចំនួន ១ ១៧៧គ្រួសារ, ស្រុកវើនសៃ ចំនួន ៤១០គ្រួសារ, ស្រុកកូនមុំ ចំនួន ២៩៤គ្រួសារ, ស្រុកតាវែង ចំនួន ៤៤៩គ្រួសារ, ស្រុកបរកែវ ចំនួន ១៣២គ្រួសារ, និងស្រុកអូរយ៉ាដាវ ចំនួន ១៨៤គ្រួសារ ហើយដោយឡែកស្រុកលំផាត់ មានអ្នកទទួលផលចំនួន ៥៣២គ្រួសារ៕


















