នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហ៊ួរ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅទីស្តីការក្រសួងកសិកម្ម ស្តីពីវឌ្ឍនភាពគម្រោង EU-GERMAN CAPSEFE សហភាពអឺរុប-អាល្លឺម៉ង់ ដោយមានការអញ្ជើញចូលរួមដោយលោក Bryan Fornary ប្រធានកិច្ចសហប្រតិបត្តិការ និងជាសហប្រធានគណ:កម្មាធិការតម្រង់ទិស និងលោក Gidon Winderker អនុប្រធានកិច្ចសហប្រត្តិបត្តិការ រួមទាំងសហការីក្រុមការងារគម្រោង។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា កិច្ចប្រជុំបានបង្ហាញពីវឌ្ឍនភាពនៃលទ្ធផលគម្រោង ជាមួយនឹងការពិភាក្សាចំណុចសំខាន់ៗនៃលទ្ធផល រួមមាន គម្រោងនេះបានបញ្ចប់ដំណាក់កាលចាប់ផ្តើម (Inception phase) រយៈពេល៦ខែនៅចុងខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងដំណាក់កាលចាប់ផ្តើម គម្រោងបានធ្វើការសិក្សាដូចជា(១) ការសិក្សាស្តីពីការវិភាគខ្សែសង្វាក់តម្លៃគ្រាប់ស្វាយចន្ទី និង ម្រេច (២) ការសិក្សាអំពីការងារដែលធានាសិទ្ធិ និងសុវត្ថិភាពកម្មករ មានប្រាក់ចំណូលសមរម្យ និងលក្ខខណ្ឌការងារ ដែលមានគុណភាព (៣). ការសិក្សាស្តីពីការកាប់បំផ្លាញព្រៃឈើសម្រាប់វិស័យកសិកម្ម និង(៤). ការសិក្សាទិន្នន័យដើមគ្រារបស់គម្រោង។
ជាមួយគ្នានេះ ក៏បានធ្វើការវាយតម្លៃ និងជ្រើសរើសសហគមន៍កសិកម្ម ចំនួន៤០(Acs) និងក្រុមអ្នកផលិតចំនួន៤ ជាក្រុមគោលដៅរបស់គម្រោង។ លើសពីនេះក្រុមការងារនៅតាមមូលដ្ឋាន ត្រូវបានជ្រើសរើស និងបានរៀបចំការិយាល័យនៅខេត្តគោលដៅ មានខេត្តកំពង់ធំ ក្រចេះ កំពត និងខេត្តត្បូងឃ្មុំ ដែលមានទីតាំង នៅក្នុងមន្ទីកសិកម្ម តាមខេត្តនីមួយៗ។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងទៀតថា ចំពោះសកម្មភាពបន្ត និងវឌ្ឍនភាពចាប់តាំងពីកិច្ចប្រជុំប្រចាំត្រីមាសចុងក្រោយ គាំទ្រដល់នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម(GDA) ដើម្បីធ្វើប្រព័ន្ធឌីជីថល នៃការផ្លាស់ប្តូរវិញ្ញាបនបត្រភូតគាមអនាម័យ ePhyto អេឡិចត្រូនិច ដែលជាផ្នែកមួយនៃប្រព័ន្ធ បញ្ហាតែមួយជាតិ គាំទ្រដល់ក្រសួងពាណិជ្ជកម្ម ក្នុងដំណើរការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិម្រេច និងការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃគោលនយោបាយជាតិស្តីពីស្វាយចន្ទី ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការ People in Need (PIN) ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានដើម្បីសាកល្បង និងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យ Humboldt ក្នុងទីក្រុងប៊ែកឡាំង និងសាកលវិទ្យាល័យក្នុងស្រុក ធ្វើការសិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងផ្សព្វផ្សាយការអនុវត្តល្អ ធន់នឹងការប្រែប្រួលអាកាសធាតុ។
បើតាមឯកឧត្តមរដ្ឋលេខាធិការ គម្រោង EU-GERMAN CAPSEFE បានដាក់ចេញនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងដំណើរការយ៉ាងសកម្មក្នុងការសម្រេចគោលដៅដែលបានកំណត់ ជាពិសេសលើការសិក្សាវិភាគ ការរៀបចំរចនាសម្ព័ន្ធគម្រោង ការគាំទ្រដល់ឌីជីថលបនីយកម្ម និងការអភិវឌ្ឍន៍គោលនយោបាយសម្រាប់ដំណាំអាទិភាព៕


















