ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ — សមាគមស្វាយចន្ទីកម្ពុជា (សសក) បានប្រមូលផ្តុំអ្នកផលិតស្វាយចន្ទី សហគមន៍កសិកម្ម សហគ្រាសកែច្នៃ ក្រុមហ៊ុនពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ នៅក្នុងកិច្ចសន្ទនាធុរកិច្ច និងធុរកិច្ច (B2B) ដែលមានគោលបំណងពង្រឹងការតភ្ជាប់ទីផ្សារ និងពង្រីកឱកាសសម្រាប់គ្រាប់ស្វាយចន្ទីឆៅ របស់កម្ពុជា។
កិច្ចសន្ទនានេះបានផ្តោតលើការតភ្ជាប់កសិករ និងសហគមន៍កសិកម្មដោយផ្ទាល់ជាមួយអ្នកទិញ ការជំរុញការអនុវត្តតាមស្តង់ដារតម្រូវការគុណភាពគ្រាប់ស្វាយចន្ទីឆៅ ការពិភាក្សាអំពីការទូទាត់ប្រាក់ និងការរៀបចំកសិកម្មតាមកិច្ចសន្យា ព្រមទាំងការវាយតម្លៃសមត្ថភាពរបស់សហគមន៍កសិកម្មក្នុងការផ្គត់ផ្គង់ការបញ្ជាទិញបរិមាណធំ។
លោក ស៊ីឡុត បានឱ្យដឹងថា ជំនួបធុរកិច្ច ជុំបន្ទាប់ គ្រោងនឹងរៀបចំឡើងនៅខែវិច្ឆិកា ដោយការពិភាក្សាត្រូវបានរំពឹងថានឹងផ្តោតលើគុណភាពគ្រាប់ស្វាយចន្ទីពូជ M23 និងការកំណត់ចំណាត់ថ្នាក់គ្រាប់តូចសម្រាប់ផលិតកម្មសាច់គ្រាប់ប្រភេទ W320។
សសក ក៏បានបញ្ជាក់ផងដែរថា ខ្លួនកំពុងស្វែងរកការរក្សាចរន្តផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅ ឱ្យនៅនឹងនរយ៉ាងតិច ៣០% ដើម្បីជួយរក្សាស្ថិរភាពតម្លៃជូនកសិករ និងលើកកម្ពស់ទំនាក់ទំនងប្រកបដោយតុល្យភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងអ្នកផលិត និងអ្នកកែច្នៃ៕

















