


ជាមួយគ្នានេះដែរ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងប្រទេស និងឯករាជ្យនយោបាយ លើការដឹកជញ្ជូនផ្លូវទឹក ដោយបានគិតគូរគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពយុទ្ធសាស្ត្រ បច្ចេកទេស និងថវិកា។ គម្រោងនេះ គឺជាការស្តារឡើងវិញនូវផ្លូវទឹក ដែលបុព្វបុរសខ្មែរយើង ធ្លាប់បានប្រើប្រាស់តាំងពីសម័យបុរេប្រវត្តិ គឺប្រមាណជាង ២០០០ឆ្នាំមុន។





គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ជាប្រវត្តិសាស្ត្រលើកដំបូងក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេទៅកាន់សមុទ្រ។ ព្រែកជីកនេះនឹងក្លាយជាច្រករបៀងយុទ្ធសាស្ត្រ តភ្ជាប់ការដឹកជញ្ជូនពីរាជធានីភ្នំពេញទៅកាន់តំបន់ឆ្នេរនៃសមុទ្រ។ ផែនការអភិវឌ្ឍន៍នេះ មានគោលបំណងជំរុញការរីកចម្រើនប្រកបដោយតុល្យភាព ធ្វើពិពិធកម្មឧស្សាហកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្អែកលើគោលការណ៍អភិវឌ្ឍន៍អេកូឡូស៊ី។ បន្ថែមពីនេះ វានឹងក្លាយជាសរសៃឈាមតភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់ៗដូចជា ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងរ៉ែទន្លេមេគង្គលើ ដែលបានគាំទ្រដល់ចក្ខុវិស័យអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។
ខេត្តតាកែវ ព្រឹកថ្ងៃសៅរ៍ ទី១១ មេសា ឆ្នាំ២០២៦













