ពូជស្វាយចន្ទីកម្ពុជា ៤ប្រភេទ ត្រូវបានចុះបញ្ជីទទួលស្គាល់សិទ្ធិទាំងក្នុង និងក្រៅប្រទេស ជៀវវាង ការលួចចម្លង ឬយកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
ពូជស្វាយចន្ទីទាំង ៤នោះ រួមមាន ពូជ M23, M10, H09 និង IM-4
លោក អួន ស៊ីឡុតប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថាពូជទាំង ៤ នេះ យើងបានចុះបញ្ជីរួចរាល់អស់ហើយ ដូច្នេះយើងមិនបារម្ភពីការបន្លំឡើយ។ ក្នុងករណីដែលមានបណ្ដាប្រទេសផ្សេងទៀត យកពូជដែលមានប្រជាប្រិយភាពរបស់យើង ទៅបន្លំ ឬយកទៅប្រើប្រាស់ នោះយើងមានសិទ្ធិ ទាមទារសិទ្ធិលាភពីគេបាន»។ ទោះយ៉ាងនេះក្តី មានពូជស្វាយចន្ទីផ្សេងទៀត មិនទាន់ចុះបញ្ជីនៅឡើយ
លោកស៊ីឡុត បារម្ភថាអាចមានត្រូវបានគេលួចដ្បិតកន្លងមក មានអ្នកជំនាញប្រទេសជិតខាងម្នាក់បានយកពូជ IM-4 យកទៅដូរឈ្មោះជា AB29 ប៉ុន្តែក្រោយពីមានការតវ៉ាពីភាគីកម្ពុជាទើបយើងទទួលបានឈ្មោះ IM-4 វិញ។
ស្វាយចន្ទី គឺជាដំណាំដ៏សំខាន់មួយដែលរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច កសិកម្មនៅក្នុងប្រទេសកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ធសភា។ យោងតាមឯកសារស្ដីពី «តំបន់ដាំដុះដំណាំ ស្វាយចន្ទីនៅកម្ពុជាឆ្នាំ២០២៤» កម្ពុជា មានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុប ៥៨០ ១១៧ ហិកតា និងអាចមានសក្ដានុពលផលិតកម្មប្រមាណ ៨១៦ ៤៥៩ តោនក្នុងមួយឆ្នាំ។
យោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ចន្ទីឆៅ ទៅកាន់ទីផ្សារអន្តរជាតិចំនួន ១ ០៣០ ០០០ តោន ឬគិតជាទឹកប្រាក់ ១ ៧៥១លាន ដុល្លារ។ តួលេខនេះ កើនឡើង ២៨, ៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕
















