នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានក្សត្រសាស្រ្ត ឯកឧត្ដម បណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារជំរុញផលិតកម្មដំណាំរដូវ ដោះស្រាយបញ្ហាប្រឈមនានា ពិសេសផែនការផ្គត់ផ្គង់ផលិតកម្មបន្លែនៅកម្ពុជា និងការជំរុញការផលិតដំណាំរដូវជាអាទិភាព រួមមាន៖ ដំឡូងមី ពោតក្រហម ម្នាស់ និងដំណាំរួមផ្សំផ្សេងៗទៀត។
ក្នុងកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ផលិត កម្មដំណាំរដូវ ដោយផ្តោតលើការប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ តាមបណ្ដាខេត្តដែលមានសក្ដានុពលខ្ពស់។ គោលបំណងសំខាន់ គឺជំរុញការបង្កើនផលិតភាព និងគុណភាពផលិតផលឱ្យស្របតាមស្តង់ដារទីផ្សារ និងអាចប្រកួតប្រជែង ជាមួយផលិតផលនាំចូលពីបរទេស។
ទន្ទឹមនឹងនោះ ឯកឧត្ដមបណ្ឌិត បានណែនាំឱ្យក្រុមការងារជំនាញរៀបចំផែនការចុះពិនិត្យវឌ្ឍនភាពការងារនៅតាមបណ្ដាខេត្តជាជំហានៗ ដោយផ្តោតលើ ការពង្រឹងស្ថានីយ៍ស្រាវជ្រាវពូជដំណាំ និងបន្លែ ការកែលម្អប្រព័ន្ធស្រោចស្រព ការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មទំនើបដល់ប្រជាកសិករ ព្រមទាំងការរៀបចំគ្រប់គ្រងទិន្នន័យផ្លូវការ ដោយសហការជាមួយមន្ទីរកសិកម្ម និងមន្ទីរពាក់ព័ន្ធ រាជធានី-ខេត្ត។
បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត នឹងដឹកនាំជំនាញចុះពិនិត្យស្ថានភាព និងសក្ដានុពល ដំណាំរដូវនៅខេត្ដកំពង់ចាម និងខេត្ដព្រៃវែង នៅសប្ដាហ៍ក្រោយ ដើម្បីលើកទឹកចិត្ត ពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ-សង្កាត់ ឱ្យក្លាយជាកម្លាំងស្នូលដ៏សំខាន់ ក្នុងការជួយគាំទ្រប្រជាកសិករ ទាំងផ្នែកបច្ចេកទេស ការផ្សព្វផ្សាយព័ត៌មានទីផ្សារ និងការប្រមូលទិន្នន័យកសិកម្មឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕























