ស្ទឹងត្រែង ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង២ទាបភ្លឺ មានករណីលួច(ម៉ូតូ) នៅចំណុចខាងក្រោយមន្ទីពេទ្យខេត្ត ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង ។
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងជំនាញ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមមាន៖
១.ឈ្មោះ ថាន់ បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែក ក្រុង-ខេត្តស្ទឹងត្រែង។
២.ឈ្មោះ មីក សំណាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នំធាតុ ក្រុង-ខេត្តស្ទឹងត្រែង។
+វត្ថុតាងចាប់យករួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២៤ ចំនួន ០១គ្រឿង(របស់ជនរងគ្រោះ), ទូរសព្ទដៃម៉ាកIPhone 7 ពណ៌ផ្កាឈូក ១គ្រឿង, ទូរសព្ទដៃម៉ាក IPhone 11pro ពណ៌ស្វាយ ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកវត្ថុតាងម៉ូតូ ដែលជនសង្ស័យធ្វើសកម្មភាពលួចបាននោះ បានប្រគល់ទៅជូនម្ចាស់ដើមវិញ៕













