នៅ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈក្នុងវិស័យកសិកម្ម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កម្មវិធីសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស ជាពិសេសមន្ត្រីកសិកម្មឃុំ ឱ្យទទួលបានចំណេះដឹង និងជំនាញច្បាស់លាស់ អំពីការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ដើម្បីអាចចុះផ្សព្វផ្សាយ ធ្វើបង្ហាញសាកល្បង និងផ្តល់ការគាំទ្រដល់កសិករក្នុងការអនុវត្តបច្ចេកវិទ្យាទាំងនេះ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ថា មន្ត្រីកសិកម្មឃុំមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញការអនុវត្តបច្ចេកវិទ្យាកសិកម្មថ្មីៗដល់កសិករ។
ពិសេស ការអនុវត្តបច្ចេកវិទ្យាប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ នេះ នឹងជួយកាត់បន្ថយការប្រើប្រាស់ធាតុចូលគីមី កាត់បន្ថយថ្លៃដើមផលិតកម្ម កែលម្អសុខភាពដី និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ។




















